(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ តាមការអញ្ជើញរបស់ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ។
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដើម្បីពង្រឹងបន្ថែមអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យយោធា។
បន្ទាប់មក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ, ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, ព្រមទាំងទស្សនាកងវរសេនាលេខ៤៩៧ របស់កងទ័ពឡាវផងដែរ៕
0 Comments