ក្រសួងមហាផ្ទៃ នឹងចាត់ក្រុមការងារចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លើការ បំពេញតួនាទីភារកិច្ចរបស់មន្ត្រីនៅតាមបណ្តាច្រកទ្វារ ព្រំដែនទាំងអស់

 


ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងចាត់ក្រុមការងារចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លើការ បំពេញតួនាទីភារកិច្ចរបស់មន្ត្រីនៅតាមបណ្តាច្រកទ្វារ ព្រំដែនទាំងអស់។

ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃយ៉ាងដូច្នេះបានធ្វើឡើងតាមរយៈសេចក្តីបានណែនាំមួយរបស់ឯកឧត្តមដល់ អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ពង្រឹង សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។

តាមរយៈសេចក្តីណែនាំនៅថ្ងៃទី៣ខែតុលាឆ្នាំ២០២៣នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានកត់សម្គាល់ថា មានភាពខ្វះចន្លោះ និងភាពមិនប្រក្រតីមួយចំនួនដែលកើត ចេញពីការ ធ្វេសប្រហែស ក្នុងការអនុវត្តតួនាទីភារកិច្ច ដូច្នេះទើបដាក់ចេញការណែនាំទាំងអស់នេះ។

ក្នុងន័យនេះ ឯកឧត្តអភិសន្តិបណ្ឌិតបានណែនាំដូចខាងក្រោម៖

-ទី១៖ ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវ ធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ចនិងសង្គមរបស់ច្រកដែល មានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សានិងលើកយោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។

-ទី២៖ ត្រូវចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមបណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

-ទី៣៖ ត្រូវក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ឲ្យបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគាត់ឆ្លងកាត់ចេញចូលតាមបណ្តាច្រកទ្វារព្រំដែនដែលផ្ទុយពីស្មារតី នៃកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រមទាំងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

-ទី៤៖ ត្រូវបន្តផ្តល់សេវាសាធារណៈ និងសេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋដោយគ្មានការ រើសអើង ដើរទន្ទឹមនឹងការគ្រប់គ្រងស្ថិតិនិងលំហូរប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែន ឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅតាមបណ្តាច្រកទ្វារព្រំដែន ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ។

-ទី៥៖ ត្រូវចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ ស្របគ្នានេះដែរ ត្រូវធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅពេលចេញចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារឆ្លងដែនស្របច្បាប់ដែលចេញដោយ ក្រសួងស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗនៃការឆ្លងដែនខុសច្បាប់។

-ទី៦៖ បន្តអប់រំ ណែនាំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជូនប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅតាមតំបន់ព្រំដែន ឲ្យបានយល់ជ្រួតជ្រាបអំពីបែបបទនីតិវិធី នៃការឆ្លងកាត់ព្រំដែន ព្រមទាំងលើកទឹកចិត្តឲ្យពួកគាត់ចូលរួមសហការ និងរាយការណ៍នូវរាល់ភាពមិនប្រក្រតី នានានៅតាមតំបន់ព្រំដែន និងតាមបណ្តាច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាង។

-ទី៧៖ ក្រសួងមហាផ្ទៃ នឹងចាត់ក្រុមការងារជំនាញដឹកនាំដោយអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទីភារកិច្ចនៅតាមបណ្តាច្រកទ្វារ ព្រំដែនទាំងអស់ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។

ក្នុងករណីរកឃើញថា ច្រកទ្វារព្រំដែនណាមួយកើតមានបញ្ហាមិនប្រក្រតីបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ច ​មិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕




Post a Comment

0 Comments